Wednesday, February 28, 2018

ការត្រួតពិនិត្យសុខភាពបេះដូង! Heart Health Check-up!






ការត្រួតពិនិត្យសុខភាពបេះដូង!
Heart Health Check-up!
នៅប្រទេសកម្ពុជាបច្ចុប្បន្នកំពុងប្រឈមមុខនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ និងជំងឺមិនឆ្លងផ្សេងៗទៀត។ ក្នុងនោះ ជំងឺបេះដូង ដើរតួរឈានមុខគេ នៃមូលហេតុស្លាប់និងពិការភាពច្រើន ជាងគេរបស់ប្រភេទជំងឺមិនឆ្លង នៅទូទាំងពិភពលោកជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិរឌ្ឍ។
សុខភាពបេះដូង ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ថែរក្សានិងការពារ ដើម្បីជៀសវាងពីគ្រោះថ្នាក់។ ការពិនិត្យនិងតាមដានសុខភាពបេះដូង (Heart check-up)ជាទៀងទាត់ជួយអោយអ្នករកឃើញនូវកត្តាប្រឈម (Risk Factor) ឬដំណាក់កាលដំបូង (Early Stage) របស់ជំងឺបេះដូង ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា និងការពារបាននូវផលវិបាកធ្ងន់ធ្ងរ ដែលអាចឈានទៅដល់ការបាត់បង់ជីវិត។
ក) តើអ្នកណាដែលគួរតែធ្វើការពិនិត្យសុខភាពបេះដូង?
ការពិនិត្យសុខភាពទៅលើក្រុមមនុស្សដែលងាយប្រឈម ដូចជា៖
- អាយុ៖ ប្រុស លើសពី ៤០ឆ្នាំ ស្រី លើសពី ៤៥ ឆ្នាំ
- អ្នកលើសសំពាធឈាម (Hypertension)
- អ្នកលើសជាតិខ្លាញ់(Dyslipidemia)
- អ្នកលើសជាតិស្ករ (Diabetes mellitus)
- អ្នកពិសារបារី
- អ្នកដែលលើសទំងន់ (Overwieght)
- អ្នកដែលមិនទំលាប់ហាត់ប្រាណ ឫ ប្រកបរបររស់នៅនឹងមួយកន្លែងយូរម៉ោង (Inactivity)
- ប្រវត្តិគ្រួសារធ្លាប់មានជំងឺបេះដូង (Family history of heart disease)
- ស្រ្តេសច្រើន
ខ) តើការពិនិត្យសុខភាពបេះដូង មានអ្វីខ្លះ
- រកមើលថា សន្ទស្សន៍នៃទំងន់ (BMI) ដោយវាស់ទំងន់ និងកំពស់ (កំរិតធម្មតា ចន្លោះ 18.5-24.9)
- វាស់សំពាធឈាម៖ រកមើលបញ្ហាលើសឈាម
- ការពិនិត្យជាតិខ្លាញ់៖ រកមើលបញ្ហាលើសខ្លាញ់
- ការពិនិត្យជាតិស្ករ៖ រកមើលបញ្ហាលើសស្ករ
- ការថតសួត (Chest X-ray)
- ការចាប់ចង្វាក់បេះដូង (EKG)៖ រកមើលបញ្ហាវិបត្តចង្វាក់បេះដូង
- ការធ្វើអេកូបេះដូង (Echocardiogram)៖ មើលរូបរាង មុខងារ របស់បេះដូង
- និង ការពិនិត្យពិសេសចាំបាច់មួយចំនួនទៀតដូចជា៖
• ការចាប់ចង្វាក់បេះដូង ២៤ម៉ោង (Holter EKG 24H)៖ តាមដានចង្វាក់បេះដូង ២៤ម៉ោង
• ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
• ស្កែនបេះដូង (Coronary CT scan)
) តើការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តទៅដោយវិធីយ៉ាងណា?
ការពិនិត្យសុខភាពបេះដូង ប្រព្រឹត្តធ្វើឡើងជា ២ តំណាក់កាល៖
១) ការពិនិត្យស្រាវជ្រាវ (Screening stage) ៖
- ជួប ពិគ្រោះនិង ពិនិត្យជាមួយគ្រូពេទ្យឯកទេសបេះដូង
- ការវាស់ទំងន់ និង កំពស់
- ការធ្វើតេស្តឈាម រកមើល ជាតិខ្លាញ់ ជាតិស្ករ
- ការចាប់ចង្វាក់បេះដូង (EKG)
- ការធ្វើអេកូបេះដូង (Echocardiogram)
- ការថតសួត (Chest X-ray)
២) ការពិនិត្យធ្វើរោគវិនិច្ឆ័យ (Diagnosis stage)៖
- ការចាប់ចង្វាក់បេះដូង ២៤ ម៉ោង (Holter EKG 24H) ក្នុង ករណី គ្រូពេទ្យសង្ស័យមានបញ្ហាវិបត្តចង្វាក់បេះដូង
- ការរត់លើម៉ាស៊ីនដើម្បីស្វែងរកបញ្ហាស្ទះសរសៃឈាមបេះដូង (Stress Test)
- ស្តែនបេះដូង (Coronary CT Scan)
- ការឆ្លុះមើលសរសៃរឈាមបេះដូង (Coronary Artery Angiography)
ឃ) តើអ្នកគួរធ្វើអ្វីខ្លះមុនមកជួបពិគ្រោះ ពិនិត្យសុខភាពបេះដូង៖
- អត់ញាំអាហារអោយបានយ៉ាងតិច ១២ម៉ោង មុនមកធ្វើការពិនិត្យ
- ជៀសវាង ការញាំតែ និង កាហ្វេ
- កុំប្រើប្រាស់ ក្រែម ប្រេង ឫ ម្សៅ លើដើមទ្រូង
- ផ្តល់នូវ ពត៌មានលំអិត រាល់ប្រវត្តិជំងឺ និង ឯកសារប្រវត្តិធ្លាប់ពិនិត្យសុខភាពពីមុន
ង) តើអ្នកគួរធ្វើដូចម្តេចដើម្បី មានសុខភាពបេះដូង ល្អ
- ហាត់ប្រាណអោយបានទៀងទាត់
- កុំពិសារបារី
- កុំពិសារសុរា
- កាត់បន្ថយការបរិភោគអាហារមានរសជាតិប្រៃ
- គ្រប់គ្រង ការលើសសំពាធឈាម លើសជាតិខ្លាញ់ លើសជាតិស្ករ អោយបានល្អ ប្រសិនជាអ្នកមាន
- ជួបពិគ្រោះ ពិនិត្យ ជាមួយគ្រូពេទ្យ អោយបានទៀងទាត់
ប្រសិនបើលោកអ្នកមានកត្តាប្រឈម ដូចរៀបរាប់ខាងលើនេះ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសបេះដូង នៅមជ្ឍមណ្ឌលបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកវិធីសាស្រ្តការពារ និងព្យាបាលទាន់ពេលវេលា។
ការពារបេះដូងអ្នក ដើម្បីការរស់នៅប្រកបដោយសុខភាពល្អ សុភមង្គលយូរអង្វែង ដោយការផ្លាស់ប្តូររបៀបរបបរស់នៅ និងការត្រួតពិនិត្យសុខភាពបេះដូង អោយបានទៀងទាត់រៀងរាល់ឆ្នាំ។

No comments:

Post a Comment